ជំនាញនិយាយជាសាធារណៈដែលភាសាអង់គ្លេសហៅថា Public Speaking
Skills
គឺជាសមត្ថភាពមួយក្នុងការបង្ហាញគំនិតឬអ្វីមួយដែលអ្នកចង់
បង្ហាញទៅកាន់ក្រុមមនុស្សឬក៍អតិថិជន
របស់អ្នក។
ជំនាញនេះគឺមានសារៈសំខាន់ណាស់ចំពោះអ្នកដែលធ្វើការក្នុងវិស័យ
ផ្សេងៗគ្នាដូចជាក្នុងវិស័យជំនួញ នយោបាយ
ក្រុមហ៊ុនសហគ្រាស។ល។ដែលតំរូវឲ្យអ្នកធ្វើការនិយាយជាចាំបាច់។
សំរាប់អ្នកជំនាញ (Professionals)
ជំនាញនិយាយជាសាធារណៈអាចជួយឲ្យពួកគេអាចបង្ហាញពីគំនិតរបស់ពួក
គេបានយ៉ាងល្អទៅកាន់ទស្សនិកជនដែលជាទូទៅមានចំនួនច្រើន។
យ៉ាងណាមិញសារៈសំខាន់របស់ជំនាញនិយាយជាសាធារណៈសំរាប់សិស្សា
នុសិស្សក៏មិនគួរមើលរំលងផងដែរ។
ជាការពិតណាស់ជំនាញនេះអាចជួយឲ្យអ្នកយកឈ្នះទំនុកចិត្តរបស់
អ្នកដទៃដែលជាចុងក្រោយអាចជួយឲ្យអ្នកឬក្រុមហ៊ុនរបស់អ្នកទទួល
បានផលប្រយោជន៍។ជំនាញនិយាយជាសាធារណៈនេះ
បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់បុគ្គលដ៏
មានឥទ្ធិពលនានានៅជុំវិញពិភពលោក។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានមនុស្សមួយចំនួនធំហាក់ដូចជា
មិនទាន់ដឹងពីវិធីសាស្រ្តដើម្បីជួយឲ្យពួកគេអាចបង្កើននូវជំនាញ
នេះបាននៅឡើយទេ។
បើតាមការស្រាវជ្រាវបានរកឃើញថាមានមនុស្សមិនតិចទេដែលមាន
អារម្មណ៍ភ័យខ្លាចនៅពេលដែលតំរូវឲ្យពួកគេនិយាយឬក៏ធ្វើបទ
បង្ហាញជាសាធារណៈ។
វិធីសាស្រ្តដើម្បីធ្វើឲ្យជំនាញនិយាយជាសាធារណៈរបស់អ្នកមានភាព
ប្រសើរឡើងដែលនឹងលើកយកមកបកស្រាយក្នុងអត្ថបទនេះនឹងជួយតម្រង់
ទិសឲ្យអ្នកដើរលើផ្លូវមួយដែលអាចជួយឲ្យអ្នកសំរេចនូវក្តី
សុបិន្តមួយដើម្បីឲ្យក្លាយជាបុគ្គលម្នាក់លែងខ្លាចក្នុងការនិយាយ
ជាសាធារណៈ។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការនិយាយជាសាធារណៈដែលខ្ញុំ
បាទបានសិក្សា
ក៏ដូចជាអនុវត្តដោយផ្ទាល់ក្នុងការនិយាយជាសាធារណៈនាពេលកន្លងមក។
សង្ឃឹមថាប្រិយមិត្តអ្នកអានទាំងអស់នឹងទទួលបានចំណេះដឹងទាក់ទង
នឹងជំនាញនេះ
ហើយបើសិនជាមានភាពខ្វះខាតឬលើសលោះដោយប្រការណាមួយមិនសមរម្យនោះ
សូមមេត្តាអធ្យាស្រ័យដោយអនុគ្រោះផងចុះ
ដោយថាបទពិសោធន៍នៅក្មេងខ្ចីតែអាស្រ័យដោយហេតុចង់ចែករំលែកចំណេះ
ដឹងដែលមានបន្តិចបន្តួច មិនចង់ទុកឲ្យកប់ចាល
ចែកជូនដល់បងប្អូនអ្នកសិក្សាទាំងអស់គ្នា។
គន្លឹះក្នុងការបង្កើនសមត្ថភាពនិយាយជាសាធារណៈសង្កេតមើលពីរបៀបនិយាយរបស់បុគ្គលដែលពូកែធ្វើបទបង្ហាញ
បើតាមប្រសាសន៍របស់លោក សូអ៊ីជីរ៉ូ ហុងដា ដែល
ជាស្ថាបនិករបស់ក្រុមហ៊ុនហុងដាដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន
មនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលចេះសិក្សារៀនសូត្រពីអ្នក
ដែលនៅជុំវិញខ្លួន
ហើយប្រើប្រាស់នូវអ្វីដែលគេបានរៀននោះដើម្បីអភិវឌ្ឍខ្លួនឯងឲ្យ
ជោគជ័យ។ជាការពិតណាស់
មនុស្សម្នាក់អាចសិក្សាបានច្រើនណាស់បើសិនជាគេនោះមានជំនាញក្នុង
ការសង្កេត (Good Observation Skills)។
អាចនឹងមានមនុស្សជាច្រើនណាស់នៅជុំវិញខ្លួនអ្នកដែលបានយល់ដឹង
ឬក៏មានសិល្បៈក្នងការនិយាយជាសាធារណៈរួចទៅហើយ
ដូច្នេះអ្នកគួរតែសង្កេតមើលថាតើពួកគេនិយាយឬមួយធ្វើដូចម្តេច
នៅចំពោះមុខសាធារណៈជនទើបឥរិយាបទរបស់ពួកគេមើលទៅប្រកបដោយភាពមាន
ទំនុកចិត្តលើខ្លួនឯង។ បើសិនជាមានឱកាស
អ្នកគប្បីចូលទៅនិយាយលេងសំនេះសំណាលជាមួយពួកគេ
ហើយសុំជាយោបល់របស់ពួកគេថាធ្វើយ៉ាងម៉េចទើបអាចមានជំនឿជាក់លើ
ខ្លួនឯងមានសុទិដ្ឋិនិយមឬក៏មានជោគជ័យក្នុងជីវិតជាដើម។រៀនពី
ចម្លើយនិងដំបូន្មានរបស់ពួកគេដើម្បីភាពជោគជ័យរបស់អ្នក។
បង្កើនសមត្ថភាពភាសារបស់អ្នកឲ្យមានភាពល្អប្រសើរ
*ភាសាសំដៅទៅលើភាសាដែលអ្នកលើកមកនិយាយ។ បើអ្នកនិយាយជាភាសា
ជាតិអ្នកត្រូវស្ទាត់ជំនាញភាសាជាតិរបស់អ្នក តែបើអ្នកនិយាយជាភាសាបរទេស
អ្នកត្រូវពង្រឹងភាសាបរទេសនោះឲ្យបានស្ទាត់ជំនាញ។
ដំបូន្មានដ៏ល្អប្រសើរមួយដើម្បីអភិវឌ្ឍជំនាញនិយាយជាសាធារណៈ
របស់អ្នកគឺថាធ្វើយ៉ាងណាត្រូវបង្កើនសមត្ថភាពភាសារបស់អ្នកជាមុន
សិន។ បើសិនជាអ្នកមិននិយាយភាសាបានល្អឬស្ទាត់ជំនាញទេ
អ្នកប្រហែលជាមិនអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលកំពុងតែ
ស្តាប់អ្នកនោះទេ
ដូចេ្នះហើយសមត្ថភាពប្រើប្រាស់ភាសាគឺមានសារៈសំខាន់ណាស់ក្នុងការ
ជួយឲ្យអ្នកទទួលបានជោគជ័យ។
ប៉ុន្តែអ្នកគួរចងចាំថាការរៀនភាសាគេមិនមែនងាយស្រួលនោះទេ
វាទាមទារពេលវេលា និងការព្យាយាមប្រឹងប្រែង
និយាយរួមគ្មាននរណាម្នាក់អាចរៀនចេះភ្លាមៗក្នុងរយៈពេលមួយពព្រិច
ភ្នែកបាននោះទេ អញ្ចឹងហើយបើសិនជាអាច
ចូរអ្នកធ្វើការអនុវត្តឲ្យបានច្រើន
ដូចដែលប្រយោគមួយរបស់ភាសាអង់គ្លេសនិយាយថា “Practice makes perfect”
ឬក៏ការអនុវត្តជួយឲ្យមានភាពល្អប្រសើរ។
បង្កើនទំនុកចិត្តលើខ្លួនឯង
វាជារឿងធម្មតាទេដែលថា
នៅពេលណាអ្នកមានជំនឿជាក់លើខ្លួនឯងហើយនោះ
អ្នកប្រាកដជាមានកំលាំងចិត្ត
និងភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពរបស់អ្នកបានយ៉ាងល្អ។
ផ្ទុយទៅវិញ បើសិនជាអ្នកនៅមានភាពស្រពេចស្រពិល
ឬក៏មិនមានទំនុកចិត្តលើខ្លួនឯងទេនោះ
បើទោះបីជាអ្នកមានចំនេះដឹង
ឬបានរៀបចំខ្លួនទុកជាមុនយ៉ាងណាក៏ដោយ
អ្នកនឹងមិនអាចបង្ហាញឲ្យអស់ពីសមត្ថភាពរបស់អ្នកបានដែរ។
អាស្រ័យហេតុនេះ
អ្នកគួរតែមានសុទិដ្ឋិនិយមលើសមត្ថភាពរបស់ខ្លួនឯង និងផ្តោត
អារម្មណ៍លើអ្វីដែលអ្នកត្រូវនិយាយវិញដើម្បីរកវិធីសាស្រ្តយ៉ាងណា
ធ្វើឲ្យការនិយាយរបស់អ្នកទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន
ជាជាងគិតថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលអ្នក
ត្រូវនិយាយ។
រៀបចំខ្លួនឲ្យបានរួចរាល់សំរាប់ការនិយាយរបស់អ្នក
មានឃ្លាមួយសរសេរថា
“បើអ្នកបរាជ័យក្នុងការត្រៀមខ្លួនទុកជាមុន
គឺស្មើនឹងត្រៀមខ្លួនទុកជាមុនក្នុងការបរាជ័យ”។
មិនខុសគ្នានោះទេ
ក្នុងការនិយាយជាសាធារណៈការរៀបចំខ្លួនទុកជាមុនមានសារៈសំខាន់
មែនទែន
ព្រោះទោះបីជាអ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯងក៏ដោយ
តែបើមិនដឹងថាអ្នកត្រូវនិយាយពីអ្វីនោះទេ
អ្នកប្រាកដគឺជាមិនអាចធ្វើបានល្អនោះទេ។
ដូច្នេះហើយអ្នកត្រូវតែធ្វើការសិក្សាស្រាវជ្រាវទៅលើប្រធានបទ
ដែលត្រូវលើកមកនិយាយ និងព្យាយាមឈ្វេងយល់ឲ្យបានច្បាស់ជាមុន
ជៀសវាងនិយាយមិនដឹងក្បាលមិនដឹងកន្ទុយ
ដែលមិនត្រឹមតែធ្វើឲ្យអ្នកសា្តប់មិនយល់
ថែមទាំងធុញទ្រាន់នឹងអ្វីដែលអ្នកកំពុងនិយាយទៀតផង។ មួយវិញទៀត
បើសិនជាអ្នកលើកយកព័ត៌មានមិនពិត ឬក៏មិនត្រឹមត្រូវមកនិយាយ
វាអាចនឹងធ្វើឲ្យទស្សនិកជនបាត់បង់ជំនឿជាក់មកលើអ្នក។
ហើយត្រូវចង់ចាំថាគ្មានអ្វីអាក្រក់ជាងនេះទៀតទេ។
ជាសរុបមកបើអ្នកចង់សំរេចបានអ្វីមួយអ្នកត្រូវខិតខំប្រឹង
ប្រែង
ព្រោះថាបទពិសោធន៍ល្អៗមិនមែនកើតចេញពីការខិតខំប្រឹងប្រែងមួយ
ពព្រិចភ្នែកនោះទេ។
សង្ឃឹមថាអ្នកទាំងអស់គ្នាបានទទួលនូវចំណេះដឹងល្អៗមួយចំនួន
បន្ទាប់ពីបានអានអត្ថបទមួយនេះចប់។
ប្រភពៈ ahladang